តើ Ma Mee Mee ជានរណា?


Ma Mee Mee (ម៉ា មីមី) គឺជាស្ត្រីសកម្មជនមួយរូប ដែលធ្វើការតស៊ូមតិ និងការលើកកម្ពស់សិទ្ធិស្ត្រី និងសិទ្ធមនុស្ស សន្តិភាពសម្រាប់ជនជាតិភាគតិច និងសិទ្ធិរបស់កម្មករ និងកសិករ នៅប្រទេសមីយ៉ាន់ម៉ា។ Mee Mee បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្នុងអាយុ៤៧ឆ្នាំ។ Cambodian Youth Advocates ចូលរួមសោកស្តាយជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងការបាត់បង់នេះ និងសូមបកប្រែអត្ថបទខ្លះៗពាក់ព័ន្ធនឹង Ma Mee Mee ដូចខាងក្រោម៖

Mee Mee បានចាប់ផ្តើមចូលរួមក្នុងនយោបាយតាំងពីកាលនាងនៅជាសិស្សវិទ្យាល័យ ដែលពេលនោះនាងបានចូលរួមក្នុងការទាមទារទម្លាក់រដ្ឋាភិបាលយោធារបស់លោក Ne Win ក្នុងឆ្នាំ១៩៨៨។ ក្នុងឆ្នាំ២០០៧ Mee Mee បានចូលរួមយ៉ាងសកម្មក្នុងការតវ៉ាប្រឆាំងទៅរដ្ឋាភិបាលពាក់ព័ន្ធនឹងការឡើងថ្លៃប្រេងសាំង និងទំនិញផ្សេងៗ ហើយរូបរបស់នាងត្រូវបានបោះពុម្ពផ្សាយជាលើកដំបូងក្នុងកាសែតអន្តរជាតិដែលរួមមានទាំង The New York Times ផងដែរ។ Mee Mee ត្រូវបានចាប់ខ្លួនចំនួនបីដងចាប់តាំងពីឆ្នាំ១៩៨៨ដល់២០១២។

Mee Mee ចូលរួមយ៉ាងសកម្មក្នុងនយោបាយ ហើយនាងចង់ឲ្យស្ត្រីដទៃទៀតចូលរួមយ៉ាងសកម្មផងដែរ។ Mee Mee យល់ថា ភាពភ័យខ្លាច និងផ្នត់គំនិតយេនឌ័រ គឺជាឧបសគ្គធ្វើឲ្យស្ត្រីមិនអាចចូលរួមពេញលេញក្នុងនយោបាយ។ Mee Mee ចង់ផ្លាស់ប្តូរគំនិតទាំងនេះ ប៉ុន្តែជាជាងប្រាប់ឲ្យគេឈប់ភ័យ ឬប្តូរផ្នត់គំនិត Mee Mee ព្យាយាមជម្រុញឲ្យស្ត្រីមានសមត្ថភាពដោយខ្លួនឯង ក្នុងការពិចារណារឿងរ៉ាវ ដែលពិតជាសំខាន់ក្នុងជីវិតរបស់ពួកគេ។ Mee Mee បាននិយាយថា នាងមិនអាចបង្ខំឲ្យពួកគេទទួលយក ឬធ្វើនូវអ្វីមួយ ដោយមិនដឹងថាពីសារៈសំខាន់នៃទង្វើនោះសម្រាប់ពួកគេនោះទេ។ នាងនិយាយទៀតថា«ខ្ញុំចង់ឲ្យស្ត្រីដែលចូលរួមក្នុងនយោបាយ អាចចេះគិតដោយខ្លួនឯងនូវអ្វីដែលត្រឹមត្រូវ ឬអ្វីដែលខុស ដោយប្រើប្រាស់នូវសមត្ថភាពក្នុងការគិតស៊ីជម្រៅរបស់ខ្លួន»។

ក្នុងលិខិតរំលែកទុក្ខរបស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ(NLD)ដែលជាបក្សកាន់អំណាចសព្វថ្ងៃនេះ បានរៀបរាប់ថា «Mee Mee គឺជាមិត្តដ៏សំខាន់ក្នុងចលនាប្រជាធិបតេយ្យក្នុងប្រទេស»។

Comments

Popular Posts