នឹក
រាប់ពីឆ្វេងទៅស្ដាំ៖ ម៉ានុត(ជីដូនមួយ) ម៉េង(ខ្ញុំ) សុជាតិ(ប្អូនប្រុស) ស្រីធា(ប្អូនស្រីមុខផ្ទះ)
កំពុងមើលយូធូបសុខៗ ស្រាប់តែជីដូនមួយផ្ញើររូបមកឲ្យតាមឆាតហ្វេសប៊ុក។ គ្រាន់តែឃើញរូបនោះភ្លាម អារម្មណ៍ហោះអណ្ដែតអណ្ដូង ដូចសម្រាមអណ្ដែតទឹក នឹកទៅដល់កាលនៅក្មេង។ មិននឹកស្មានថា ខ្ញុំមានថតរូបជាមួយអ្នកទាំងបីនេះសោះ។
កំពុងមើលយូធូបសុខៗ ស្រាប់តែជីដូនមួយផ្ញើររូបមកឲ្យតាមឆាតហ្វេសប៊ុក។ គ្រាន់តែឃើញរូបនោះភ្លាម អារម្មណ៍ហោះអណ្ដែតអណ្ដូង ដូចសម្រាមអណ្ដែតទឹក នឹកទៅដល់កាលនៅក្មេង។ មិននឹកស្មានថា ខ្ញុំមានថតរូបជាមួយអ្នកទាំងបីនេះសោះ។
អ្នកទាំងបីនាក់នេះ សុទ្ធតែមនុស្សសំខាន់ក្នុងជីវិត និងជាអ្នកដែលធ្វើឲ្យខ្ញុំមានកុមារភាពដ៏ស្រស់បំព្រង។ នៅពេលខ្ញុំនៅតូច ខ្ញុំតែងតែលេងនឹងបងប្អូនជីដូនមួយ ដោយសារតែខ្ញុំអត់មានបងស្រី ហើយជីដូនមួយសម្បូរស្រី អញ្ចឹងហើយបានកាលខ្ញុំនៅតូច គឺមានតែជីដូនមួយជាបងស្រី ប្អូនស្រីមុខផ្ទះ និងមិត្តភក្ដិដ៏ល្អបំផុត។
បងម៉ានុត ដែលអ្នកភូមិហៅគាត់ថា "វ៉ែក់" (ដោយសារតែគាត់ក្រចេះដើរពេក ហើយនៅតែលើចង្កេះម្ដាយគាត់អស់២ឆ្នាំជាង) ជាជីដូនមួយដែលកំសត់ជាងគេ។ គាត់ជាកូនអ៊ំស្រីខ្ញុំ (ត្រូវជាបងស្រីម៉ាក់)។ ក្នុងចំណោមបងប្អូនម៉ាក់ គឺម្ដាយគាត់មានជីវភាពក្រខ្សត់ជាងគេ។ ឲ្យតែពេលដល់រដូវធ្វើស្រែម្ដងៗ ឪពុកគាត់តែងតែដើរផឹករហូត និយាយទៅគឺដើរផឹកដើម្បីកុំឲ្យមានពេលជួយធ្វើស្រែម្ដាយគាត់។ អ៊ំស្រី គឺជាម្ដាយដ៏គួរឲ្យអាណិត និងគួរឲ្យស្រលាញ់។ ទោះជាប្ដីមិនជួយធ្វើ គាត់តស៊ូតែម្នាក់ឯង ធ្វើស្រែចិញ្ចឹមជីដូនមួយ និងកូនប្រុសគាត់។ ឯចែវ៉ែក់ ដោយសារតែម្ដាយអត់សូវមានពេលមើលថែរក្សាឲ្យបានដិតដល់ ហើយដោយសារតែគាត់រវល់ពេក ទើបធ្វើឲ្យគាត់សម្រេចចិត្តទៅជួយម្ដាយគាត់ធ្វើស្រែ នៅពេលចេញពីរៀន រហូតដល់ថ្ងៃមួយ គាត់បានសម្រេចចិត្តឈប់រៀនពេលគាត់ថ្នាក់ទី៧ ដោយសារតែគាត់មិនអាចផ្ដោតលើការសិក្សាបានតទៀត ហើយជួយម្ដាយគាត់ធ្វើស្រែ។
ពេលនៅតូច ខ្ញុំតែងតែទៅលេងផ្ទះគាត់ពេលចេញពីរៀន ព្រោះអី នៅទៅនោះមានដើមចេកច្រើន ទ្រុងជ្រូកទុកចោលមួយ ដើមត្របែកមួយដើម និងដើមឈើជាច្រើនទៀត ដែលមានម្លប់ស្រួលលេងដីស្រុក។ ឲ្យតែចេញពីរៀន គឺដឹងតែទៅទីនោះហើយ ព្រោះអី ផ្ទះខ្ញុំ និងផ្ទះជីដូនមួយពីរនាក់ទៀត គឺនៅជាប់គ្នា អញ្ងឹងហើយវាមានភាពងាយស្រូលដើរទៅ ដើរមក និងប្រមូលគ្នាលេងដីស្រុក។ ខ្ញុំចាំបានថា ផ្ទះគាត់ពេលនោះ គឺធ្វើពីស្បូវ ហើយជាប់នឹងដី។ កាលពីនៅតូច ខ្ញុំហក់លោតចុះឡើងៗ នៅលើផ្ទះគាត់។ នៅជិតផ្ទះ អ៊ំស្រីបានសង់ផ្ទះបាយ ប្រក់ស្បូវ នៅជិតដើមត្របែក។ ហើយនៅពេលដែលមានផ្លែត្របែក ខ្ញុំតែងតែឲ្យអុំស្រីបេះឲ្យ ហើយឲ្យគាត់ខាំសាច់ខាងក្រៅចេញឲ្យអស់ ទុកតែគ្រាប់ត្របែកឲ្យខ្ញុំញាុំ។
ជាតិ គឺជាប្អូនប្រុសតែម្នាក់គត់របស់ខ្ញុំ និយាយទៅគឺខ្ញុំមានបងប្អូនតែពីរនាក់ឲ្យគត់ គឺខ្ញុំ ហើយនឹងវា។ កាលពីតូច មិនដែលសូវត្រូវគ្នាទេ ព្រោះអី ខ្ញុំច្រណែនវា ដោយសារតែប៉ាស្រលាញ់វាពេក។ កាលពីនៅតូច ខ្ញុំចាំបានថា ឲ្យតែល្ងាចឡើងបាយហើយ ប៉ានិងម៉ាក់ ជាតិ និងខ្ញុំ តែងតែជួបជុំគ្នា និយាយសើចសប្យាយ ហើយផឹកទឹកសណ្ដែក។ ប៉ាតែងតែឲ្យខ្ញុំច្រៀងមុននឹងផឹក។ ខ្ញុំចាំបានថា ជីវិតពេលនោះ គឺជាជីវិតដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន។ ជីវិតដែលពោរពេញទៅដោយសុភមង្គល ការជួបជុំ ទោះបីជាពេលនោះ មិនសូវមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ ពេលខ្លះប្រើចង្កៀង ពេលខ្លះប្រើអាគុយ។
ដោយសារតែខ្ញុំបងវាតិចឆ្នាំពេក ទើបធ្វើឲ្យខ្ញុំអត់សូវមានពេលថែរក្សាវាឲ្យល្អ ដូចបងស្រីដទៃទៀត។ តែមិនអីទែ ព្រោះម៉ាក់និងប៉ាស្រលាញ់វា ហើយថែវាបានយ៉ាងល្អ។
ជាតិត្រូវបានប៉ាម៉ាក់ចាប់កោរសក់ ដោយទុកតែមួយចុបនៅលើក្បាល ដោយសារតែនៅពីតូច វាឈឺពេក។ បើតាមចាស់ពីដើម បើសិនជាក្មេងណាឈឺច្រើន ឪពុកម្ដាយគួរតែចាប់កោរសក់ដូចជាតិ នោះក្មេងនឹងមិនសូវឈឺ។ មិនមែនតែជាតិម្នាក់ទេដែលកោរសក់អញ្ចឹង មានក្មេងនៅក្នុងភូមិផ្សេងទៀតដែលត្រូវបានម៉ែឪចាប់កោរសក់អញ្ចឹងដែរ។
សុភា (ធា) គឺប្រៀបដូចជាប្អូនស្រីរបស់ខ្ញុំចឹង។ នៅពេលណាដែលខ្ញុំនឹងដល់កាលនៅក្មេង គឺដឹងតែខ្ញុំនឹងឃើញវាមុនគេ។ ផ្ទះនៅមុខគ្នា ប្អូនខ្ញុំតែ៣ឆ្នាំ តែមានអារម្មណ៍ថា វាហាក់បីដូចជាមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំម្នាក់។ កាលពីតូច ខ្ញុំចាំបានថា ខ្ញុំបានសុំម៉ាក់ទៅកាត់សក់កូរ៉េដូចវា។ មានពេលមួយដែលដក់ជាប់នៅក្នុងខួរក្បាលខ្ញុំ គឺពេលដែលវាអង្គុយនៅលើកាំជណ្ដើរផ្ទះរបស់ផ្ទះវា សក់កូរ៉េ ហើយញញឺមដាក់ខ្ញុំ។ វាគឺជាមនុស្សម្នាក់ដែលគាំទ្រខ្ញុំ មិនថាខ្ញុំធ្វើអ្វីក៏ដោយ ជាមនុស្សម្នាក់ដែលមិនទៅណាចោលខ្ញុំ។ ខ្ញុំតែងតែនឹងពេលវេលាដែលខ្ញុំនិងវាច្រៀងខារ៉ាអូខេជាមួយគ្នានៅផ្ទះខ្ញុំ ជារៀងរាល់ថ្ងៃ បន្ទាប់ពីបាបល្ងាចហើយ។ ខ្ញុំចាំបានថា "ក្រវ៉ាន់សៀមរាប" គឺជាបទចម្រៀងវាចូលចិត្តជាងគេ ហើយវាច្រៀងបទនេះរាល់ល្ងាចនៅផ្ទះខ្ញុំ។
កាលពីថ្នាក់ទី៩ ខ្ញុំបានប្ដូរទៅរៀននៅខេត្ត។ ឲ្យតែពេលខ្ញុំទៅលេងផ្ទះម្ដងៗ វាគឺជាមនុស្សទី១ដែលមកស្វាគមន៍ខ្ញុំ ហើយដេកកំដរខ្ញុំពេលយប់ ដោយសារតែខ្ញុំខ្លាចខ្មោច។ វាមកដេកផ្ទះខ្ញុំ តាំងពីវានៅតូច រហូតដល់ពេលនេះ វាពេញក្រមុំ។ ខ្ញុំមានអនុស្សាវរីជាមួយវាច្រើនរាប់មិនអស់។
នេះគឺជាអារម្មណ៍ដ៏កំសត់មួយនាពេលយប់ដ៏ត្រជាក់។ ឲ្យតែពេលខែត្រជាក់ ខ្ញុំតែងតែនឹងផ្ទះមុនគេ។ នឹកពេលដែលខ្ញុំ និងអ្នកទាំងបីអ្នកនេះ ក្រោកពីដេកតាំងតែពីព្រឹក ដើររកចំបើងជិតផ្ទះមកដុត ហើយអាំង ដោយសារតែត្រជាក់ពេក។ មុខម្នាក់ៗរបក ហើយបបូរមាត់ប្រេះសឹងតែចេញឈាម ពាក់អាវរងា ខោស្ព័រ និងស្រោមជើងក្រាស់ៗហើយវែង អង្គុយពីមុខភ្លើងចំបើង អាំងតាំងតែពីព្រលឹមអុល រហូតដល់ព្រះអាទិត្យរះ។

Comments
Post a Comment